បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍




លោក ច័ន្ទតារា
ភ្នំពេញ ៖ សង្គមស៊ីវិលធ្វើការពាក់ព័ន្ធការប្រឆាំងអំពើពុករលួយនៅកម្ពុជា ជំរុញឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ធ្វើការស៊ើបអង្កេតស៊ីជម្រៅទៅលើករណីពុករលួយនៅក្នុងស្ថាប័ននេះដោយចាត់ទុកថា ការដកតំណែងមន្ត្រីពាក់ព័ន្ធអំពើពុករលួយតែមួយមុខគឺមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រយុទ្ធប្រឆាំងអំពីពុករលួយក្នុងស្ថាប័នរដ្ឋនោះទេ។ ការលើកឡើងនេះត្រូវបានបដិសេធដោយមន្រ្តីរាជរដ្ឋាភិបាលថាការដកតំណែងប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកនៃទូរគមនាគមន៍កម្ពុជាថាមិនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តកំហុសនោះទេ។
 
មន្ត្រីនៃទូរគមនាគមន៍កម្ពុជាចំនួន២រូប គឺលោក មាស ប៉ូ ប្រធានក្រុមប្រឹក្សាភិបាល និងលោក ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជានៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានបញ្ចប់តំណែងជាផ្លូវការ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការករណីកិបកេងប្រាក់ចំនួន២៣ម៉ឺនដុល្លារអាម៉េរិក។ ជំនួសដោយលោក សន វី ដែលកាលពីមុនមានតួនាទីជាអគ្គនាយករងនៃទូរគមនាគមន៍កម្ពុជា។
 
ការបញ្ចប់មុខតំណែងមន្ត្រី២រូបនេះធ្វើឡើងបន្ទាប់ពីអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មន្ត្រីទាំង២ រូបមានភាពខ្វះខាតធ្ងន់ធ្ងរលើការងារគ្រប់គ្រង និងការដឹកនាំទូរគមនាគមន៍កម្ពុជាដែលនាំឲ្យមានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ម៉ឺនដុល្លារការគ្រប់គ្រង ចំណូលចំណាយមិនច្បាស់លាស់ គ្មាន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះបំណុលកើនឡើងនិងមានចន្លោះប្រហោងជាច្រើនដែលឈានដល់ការកិបកេងនិងការលុបបំណុល។ លើសពីនេះមន្ត្រីទាំង២រូបមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យការគ្រប់គ្រងកិច្ចការបញ្ជីការគណនេយ្យ និងឯកសារពាក់ព័ន្ធដែលឈានទៅដល់ការបាត់បង់ឯកសារដ៏មានសារៈសំខាន់ដោយចេតនា។
 
លោក ព្រាប កុល  នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីចុងសប្តាហ៍កន្លងទៅថា៖ការបញ្ចប់មុខតំណែងមន្ត្រីពាក់ព័ន្ធអំពើពុករលួយតែមួយមិនអាចធ្វើឲ្យការប្រឆាំងអំពើពុករលួយក្នុងស្ថាប័នរដ្ឋមានប្រសិទ្ធភាពឡើយ។ ក្នុង បញ្ហានេះ លោក ព្រាប កុល ទទូចឲ្យក្រសួងប្រៃសណីយ៍ និងអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតឲ្យស៊ីជម្រៅហើយបើរកឃើញថាមន្ត្រីទាំងនោះពិតជាបានប្រព្រឹត្តអំពើពុករលួយមែនពួកគេត្រូវទទួលទោសតាមច្បាប់ ដែលក្នុងនោះមានទោសឧក្រិដ្ឋនៅក្នុងបទល្មើសពុករលួយទោះបីតូច ឬធំគឺជាបទល្មើសឧក្រិដ្ឋ។ បទល្មើសឧក្រិដ្ឋមានន័យថា ជាប់ពន្ធនាគារ ជាប់ពន្ធនាគារប៉ុន្មានឆ្នាំវាអាស្រ័យលើកម្រិតនៃទោស និងចេតនា របស់អ្នកប្រព្រឹត្ត យើងមិនទាន់អាចសន្និដ្ឋានបានយ៉ាងម៉េចទេ ការកំណត់ទោសវាជាសមត្ថកិច្ចរបស់តុលាការ ប៉ុន្តែបទល្មើសពុករលួយជាបទឧក្រិដ្ឋទាំងអស់ហើយការជាប់ទោសទាំងអស់គឺត្រូវរួមទាំងការជាប់ពន្ធនាគារហើយក្នុងករណីកិបកេងយកលុយរដ្ឋត្រូវរឹបអូសយកមកវិញ»។
 
ភាពមិនប្រក្រតីពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល និងបំណុលក្នុងទូរគមនាគមន៍ កម្ពុជាបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៥ ក្រោយពីមានការតវ៉ារបស់បុគ្គលិកក្នុងស្ថាប័ននេះថា មានការកិបកេងប្រាក់ ប្រមាណ២៣ម៉ឺនដុល្លារ។ ក្រោយពីមាន ការតវ៉ានេះក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍រួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានធ្វើការពិនិត្យលើបញ្ហានេះ ដែលឈានដល់ការបញ្ចប់មុខតំណែងរបស់មន្ត្រី២រូបនៅពេលនេះ។
 
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍លោក ហ៊ុន សារឿន មានប្រសាសន៍ថាការបញ្ចប់មុខតំណែងមន្ត្រី ២រូបនេះគ្រាន់តែជាការធ្វើឲ្យមានប្រក្រតីភាពឡើងវិញក្នុងដំណើរការងាររបស់ស្ថាប័នទូរគមនាគមន៍កម្ពុជា។ ចំណែកថា តើមន្ត្រីទាំង២រូបជាប់ពាក់ព័ន្ធនឹងការកិបកេងយកលុយរដ្ឋ ឬអត់នោះក្រសួងប្រៃសណីយ៍ និងអង្គភាពប្រឆាំងអំពើពុករលួយបន្តនីតិវិធីស៊ើបអង្កេតបន្ថែមទៀត។ ក៏ប៉ុន្តែនៅថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន បានចេញលិខិតបំភ្លឺអំពីការដកតំណែងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃទូរគមនាគមន៍កម្ពុជាថាមិនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តកំហុសនោះទេ។
 
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថានេះជាការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់អង្គភាពនេះ ក្រោយពីរកឃើញថាមានការ កិបកេងលុយជាង២០ម៉ឺនដុល្លារ និងការបំពេញការងារមានភាពខ្វះខាតធ្ងន់ធ្ងរ។
 
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លោក ប្រាក់ សុខុន បានចេញនៅលិខិតបំភ្លឺមួយនៅ ថ្ងៃទី១៩ ខែកុម្ភៈ ថាការដកតំណែងក្រុម ប្រឹក្សាភិបាល និងអគ្គនាយកនៃទូរគមនា គមន៍នោះ លោក មាស ប៉ូ មិនពាក់ព័ន្ធនឹង កំហុសនោះទេ ហើយលោកនៅតែមានតំណែងជាអនុរដ្ឋលេខាធិការក្នុងក្រសួង។
 
ក្នុងលិខិតបំភ្លឺបន្ថែមថាចំណែកឯការដូរប្រធានក្រុមប្រឹក្សាភិបាលដោយដាក់លោក ខូវ មករា នោះគ្រាន់តែជាការចាប់ដៃគូ ស័ក្តិសម និងស៊ីគ្នាជាមួយអគ្គនាយកស្ដីទី លោក សន វី ប៉ុណ្ណោះ។ ក្នុងលិខិតដដែលឲ្យដឹងថាករណីប្រព្រឹត្តអំពើពុករលួយជាមួយនឹងប្រាក់ជាង២០ម៉ឺនដុល្លារនោះក្រុមការងារអធិការដ្ឋានរបស់ក្រសួងប្រៃសណីយ៍ និងក្រុមការងារអង្គភាពប្រឆាំងអំពើរពុករលួយនៅតែបន្តស៊ើបអង្កេតករណីនេះ។
 
មន្រ្តីរបស់ទូរគមនាគមន៍កម្ពុជាម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាពេលកន្លងមកអង្គភាពសាធារណៈរបស់រដ្ឋមួយនេះតែងតែមានបញ្ហាមិនចេះចប់ទាក់ទងនឹងការកិបកេងប្រាក់របស់អង្គភាពនិងបានធ្វើឲ្យអាជីវកម្មអង្គភាពមួយនេះដំណើរការមិនល្អ។
 
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ បុគ្គលិកទូរគមនាគមន៍មួយចំនួនបានចេញមុខតវ៉ាជាបន្តបន្ទាប់ដោយពួកគេស្នើឲ្យក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ននេះស៊ើបអង្កេតទាក់ទងនឹងការបាត់ថវិកាប្រមាណ២៣ម៉ឺនដុល្លារអាម៉េរិក។ ទាក់ទងនឹងការតវ៉ានេះបុគ្គលិករបស់ទូរគមនាគមន៍ពីរនាក់ដែលម្នាក់ធ្វើការផ្នែកទារបំណុល និងម្នាក់ទៀតផ្នែកកាន់លុយត្រូវបានចោទប្រកាន់ថា ធ្វើឲ្យបាត់លុយ២៣ម៉ឺនដុល្លារនេះប៉ុន្តែពួកគេបានបដិសេធនឹងការចោទប្រកាន់នោះ៕
 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បេក្ខជនចំនួន១.៤០០នាក់ សម្រេចបោះបង់ការប្រលងយកសញ្ញាបត្របាក់ឌុប

សម្ដេចតេជោផ្ដល់ឱ្យកម្មករកម្មការិនីសម្រាប់ការជិះរថយន្តក្រុងរយៈពេល២ឆ្នាំដោយមិនបង់ថ្លៃ

រដ្ឋសភាពិចារណាលើសំណើសុំមានការិយាល័យបោះឆ្នោតនៅក្រៅប្រទេស

លោកគ្រូពេទ្យដែលចាក់ថ្នាំចម្លងអេដស៍នៅឃុំរកាសុំឲ្យតុលាការឧទ្ទរណ៍បន្ធូរបន្ថយទោសត្រឹម១០ឆ្នាំ

ឃុំខ្លួនបុរសជនជាតិហ្សេរ៉ាលីអូនិង ជនជាតិលីប៊ី ២នាក់ពាក់ព័ន្ធនឹងការលាងលុយខ្មៅជាង២លានដុល្លារអាមេរិកកាំង !!


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1631
សប្ដាហ៍នេះ : 3336
ខែនេះ : 50173
សរុប : 17369141