ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន




លោក មណីរ័ត្ន
ភ្នំពេញ ៖ បរិមាណនាំចូលអង្ករពីប្រទេសវៀតណាមមកកាន់កម្ពុជា ត្រូវបានប៉ាន់ប្រមាណជាង១លានតោន ក្នុងឆ្នាំ២០១៥ខណៈការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសរុបត្រឹមតែចំនួន៥៣៨.៣៩៦តោន។ បរិមាណនាំចូលពីប្រទេសជិតខាងនេះបានធ្វើឲ្យអ្នកនាំចេញព្រួយបារម្ភពីការបិទទ្វាររោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា។
 
លោកឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុន ខ្មែរ ហ្វូត និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃពុធម្សិលមិញបាន ប៉ានប្រមាណថា អង្ករនាំចូលពីប្រទេសវៀតណាមអាចមានច្រើនជាង១លាន តោន។ ក្នុងសន្នីសិទសារព័ត៌មានក្រោយពីកិច្ចប្រជុំរកដំណោះស្រាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា លោក សាវុធ បានបញ្ជាក់ ថា ការនាំចូលត្រូវបានគេបន្លំចំនួនដោយការគេចពន្ធ។ 
 
លោក គឹម សាវុធ មានប្រសាសន៍ថា «ខ្ញុំឃើញហើយដឹកតាមឡានតួរីមកទយគូថនៅមុខ ហាងដេរ បាវច្រកតែម្តង! ចឹង ធ្វើម៉េចយើងកំណត់ចំនួនបាន ព្រោះអ្នក នាំចូលគាត់ប្រកាសថា អង្ករវៀតណាម នាំចូលប៉ុណ្ណឹង តែគាត់រត់ពន្ធ។ ឧទាហរណ៍ ពីជ្រៃធំ ពីចក្រី...មកផ្ទេរដាក់បាវអង្ករខ្មែរដាក់លក់តែម្តង។ ...យើងឃើញហើយ អាឡានជាប់នៅស្ពានអ្នកលឿង គាត់លើកបង្ហាញពន្ធនាំចូលតែ៣១តោនទេ... ចឹង សុំជម្រាបថា  គាត់អាចកុហក់រដ្ឋមន្ត្រី អាចកុហក់នាយករដ្ឋមន្ត្រី ប៉ុន្តែ មិនអាច កុហក់អ្នករកស៊ីអង្ករបានទេ! ឡាននេះមិនមែន៣១តោនទេ តែឡាននេះច្រើន ជាង៦០តោន! ហើយបើអង្គភាពណា ឬក៏ផ្នែកណាដែលមិនសុខចិត្តអញ្ជើញ! អាចយកឡានមក ហើយតម្រាបឡាន! ខ្ញុំអាចជួយសេវាហ្នឹង! យកឡានមក ខ្ញុំ តម្រាបឲ្យមើល! ឡាននេះ គឺច្រើនជាង ៦០តោន! ចឹងយើងកំណត់ចំនួនអត់បាន ទេ! ដូច្នេះក្រៅផ្លូវការ គឺច្រើនជាង១ លាន តោន មិនមែន៧០តោនទេ!...»។ អ្នកនាំ ចេញរូបនេះស្នើដល់រាជរដ្ឋាភិបាលកម្ពុជាកំណត់អ្នកនាំចូលអង្ករ និងផ្តល់ អាជ្ញាបណ្ណដល់អ្នកទាំងនោះឲ្យបាន ត្រឹមត្រូវ។
 
លោក ចាន់ សុខឃាំង សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា បើនៅតែបន្តនាំចូលបែបនេះ ទៀត នឹងធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវរបស់ប្រទេសកម្ពុជាត្រូវបិទទ្វារ។ លោកថ្លែងថា «យើងមិនហាមឃាត់ការ នាំចូលនោះទេ ព្រោះទីផ្សារសេរី ប៉ុន្តែត្រូវមានតម្លាភាព ដោយត្រូវកំណត់បរិមាណ និងរដូវកាលនៃ ការនាំចូល។ យើងឃើញថា រោងម៉ាស៊ីន កិនស្រូវខ្នាតមធ្យម ត្រូវបិទទ្វារប្រហែល៧-៨កន្លែង ហើយរោងម៉ាស៊ីនកិនស្រូវ ខ្នាតតូច ត្រូវបិទទ្វារ ច្រើនជាងនេះទៀត»។ លោកបន្តថា កម្ពុជាត្រូវការទុនចន្លោះពី
៣០ទៅ៤០លានដុល្លារ ដើម្បីជួយដល់ រោងម៉ាស៊ីនកិនស្រូវ។ លោក ចាន់ សុខឃាំង ស្នើឲ្យរាជរដ្ឋាភិបាលផ្តល់នូវកម្ចីជាកញ្ចប់ថវិកាពី២០ទៅ៣០លានដុល្លារដើម្បីឲ្យ ម្ចាស់រោង ម៉ាស៊ីនកិនស្រូវប្រមូលទិញស្រូវពីប្រជាកសិករ កុំឲ្យមានការហូរចេញទៅប្រទេសជិតខាង។ ពិសេសធានានិរន្តរភាព រោងម៉ាស៊ីនកិនស្រូវសម្រាប់កែច្នៃអង្ករនាំចេញទៅទីផ្សារបរទេស។
 
បើតាមលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា គម្រោងសំណើ កញ្ចប់ថវិកាទៅកាន់រាជរដ្ឋាភិបាលនេះ នឹងធ្វើក្នុងពេលដ៏ឆាប់ដោយក្នុងពេលនេះ ក្រុមជំនាញរបស់លោក កំពុងរៀបចំក្រុម ការងារពិសេស សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាពក្នុងវិស័យស្រូវអង្ករ។ មួយវិញទៀត ខាងលោកនឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការនាំចូលអង្ករពីប្រទេសវៀតណាមដោយខុសច្បាប់។ លោកមានប្រសាសន៍ថា «សហព័ន្ធស្រូវ អង្ករកម្ពុជាកំពុងប្រឹងប្រែងយ៉ាងខ្លាំងធ្វើការជាមួយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងស្ថាប័នរាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិស័យស្រូវអង្ករ ដែលជាវិស័យមួយដ៏មានសក្តានុពល និងសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសសម្រាប់ទ្រទ្រង់ជីវភាពប្រជាកសិករខ្មែរ និងសន្តិសុខស្បៀង»។ លោក សុខ ពុទ្ធីវុធ បញ្ជាក់ថា បច្ចុប្បន្ននៅតាមរោងម៉ាស៊ីនកិនស្រូវកំពុងតែខ្វះបរិមាណស្រូវសម្រាប់កែច្នៃអង្ករ។
 
កាលពីដើមខែមករា ឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្មបានប្រកាសនូវទឹកប្រាក់៤០០លានដុល្លារអាម៉េរិក ដែលស្នើឡើងដោយ ក្រុមហ៊ុនចិនចំនួន៣ ក្នុងការសាងសង់ឃ្លាំងស្រូវគ្រប់គ្រងដោយរដ្ឋដើម្បីបង្កើនសមត្ថភាពស្ដុកទុករបស់កម្ពុជា។ គម្រោង ធ្វើឃ្លាំងស្តុកស្រូវនោះមាននៅខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ធំដែលត្រូវអនុវត្តនៅក្នុងអំឡុងឆ្នាំ២០១៦នេះដើម្បីបំពេញ មហិច្ឆតា នាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន។ គម្រោងទឹកប្រាក់ដែលប្រកាសនៅដើមឆ្នាំនេះធ្វើឡើងស្របនឹងរាជរដ្ឋាភិបាលកម្ពុជាដែលកាលពីឆ្នាំ២០១៥ បានធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា(MoU)មួយជាមួយប្រទេសចិនដើម្បីស្នើសុំកម្ចីពីរដ្ឋាភិបាលចិននូវទឹកប្រាក់៣០០លានដុល្លារអាម៉េរិក សម្រាប់ សាងសង់ ឃ្លាំងស្តុកស្រូវចំនួន១០នៅទូទាំងប្រទេស ដែលមានសមត្ថភាពស្ដុកស្រូវបាន១,២លានតោនសម្រាប់កែច្នៃអង្ករនាំចេញទៅកាន់ទីផ្សារបរទេសតាម ផែនការ៕
 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

កម្មកររោងចក្របានឈប់៤ថ្ងៃ សម្រាប់ចូលឆ្នាំ

ប្រមុខរាជរដ្ឋាភិបាលបង្ហាញពីការប្តេជ្ញាចិត្តវិភាជថវិកាសម្រាប់វិស័យអប់រំ

គណៈរដ្ឋមន្រ្តីបានអនុម័តសេចក្តីព្រាងច្បាប់ឧបាស្រ័យពាណិជ្ជកម្មនិងសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥

ក្រសួងទេសចរណ៍ ព្រមានចាតដកអាជ្ញាបណ្ណអាជីវកម្ម និងពិន័យ លើម្ចាស់អាជីវកម្មណា ដែលមិនព្រម បិទតារាងថ្លៃសេវារបស់ខ្លួន តាមស្ដង់ដារ នាឱកាសបុណ្យចូលឆ្នាំថ្មី

ការឃាត់ខ្លួនមន្រ្តីនគរបាលសេដ្ឋកិច្ចលោក ហ៊ុយ ហឿន ពាក់ព័ន្ធករណីអំពើពុករលួយដាក់ខែយកលុយជាង១០០ទីតាំង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1354
សប្ដាហ៍នេះ : 68278
ខែនេះ : 182862
សរុប : 16444848