ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




លោក នរៈ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីតួកគីលោក រេស៊ីប តាយីប អែរដូហ្កាន កាលពីដើមសប្តាហ៍បានសន្យាថា នឹងធ្វើឱ្យមានការលូតលាស់ឡើងវិញ នូវចំណងទាក់ទងបន្ទាប់ពីលោកទាំងពីរ បានជួបពិភាក្សាគ្នាលើកដំបូងចាប់តាំងពីទីក្រុងអង់ការ៉ា បានបាញ់ទម្លាក់យន្តហោះប្រយុទ្ធរបស់រុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ទស្សនកិច្ចរបស់លោក តាយីប អែរដូហ្កាន ទៅកាន់ទីក្រុងកំណើតរបស់លោក ពូទីន Saint Petersburg គឺជាដំណើរទស្សនកិច្ចចេញទៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារមិនបានសម្រេចប្រឆាំងរូបលោក កាលពីខែកក្កដា ដែលបានធ្វើឱ្យលោកកម្ចាត់ចេញពួកប្រឆាំងនិងបានបង្កើតឱ្យមានស្រមោលខ្មៅនៅក្នុងទំនាក់ទំនងរវាងតួកគី និងលោកខាងលិច។

លោក ពូទីន បាននិយាយប្រាប់សន្និសីទកាសែតក្រោយកិច្ចប្រជុំថា " យើងរស់នៅដោយបានឆ្លងកាត់ពេលវេលាស្មុគស្មាញខ្លាំងណាស់ ហើយខ្ញុំយល់ថា មិត្តតួកគីរបស់យើងចង់ជម្នះឱ្យបាននូវការលំបាកទាំងអស់នោះ"។

លោក ពូទីន បានបន្ថែមថា ប្រទេសតួកគីត្រូវធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់នៅពេលខ្លះ ដើម្បីវិលត្រឡប់ទៅកាន់កម្រិតពាណិជ្ជកម្មដូចពីពេលមុននៅពេលដែលរុស្ស៊ីត្រូវដកចេញនូវទណ្ឌកម្មទាំងអស់ប្រឆាំងទីក្រុងអង់ការ៉ា។ ប៉ុន្តែភាគីទាំងពីរបាននិយាយថា ប្រទេសទាំងពីរចង់ចាប់ផ្តើមឡើងវិញគម្រោងការថាមពលដ៏ធំដែលបានប៉ះទង្គិចដោយវិបត្តិ។ លោក អែរដូហ្កាន បាននិយាយថា លោកសង្ឃឹមថា ទំនាក់ទំនងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំថែមទៀត ដោយលោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលលោកពូទីនបានផ្តល់នូវការគាំទ្រក្រោយរដ្ឋប្រហារ។ លោកបាននិយាយថា "យើងនឹងនាំយកទំនាក់ទំនងរបស់យើង ឱ្យវិលត្រឡប់ទៅកាន់កម្រិតពីមុន ហើយឱ្យលើសហួសពីនោះទៀត"។

យន្តហោះប្រយុទ្ធតួកគី ប្រទេស F-16 បានបាញ់ទម្លាក់យន្តហោះប្រយុទ្ធរុស្ស៊ី នៅព្រំដែនស៊ីរី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ធ្វើឱ្យ លោក ពូទីន មានការក្តៅក្រហាយ ហើយបានដាក់ទណ្ឌកម្មប្រទេសតួកគី និងបានចាប់ផ្តើមសង្គ្រាមពាក្យសម្តីដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរចំណងទាក់ទងដែលកំពុងរីកចម្រើន។ ប៉ុន្តែនៅក្នុងការត្រឡប់ក្រោយវិញដ៏គួរឱ្យរន្ធត់ កាលពីចុងខែមិថុនា លោក ពូទីន បានទទួលលិខិតមួយពីលោក អែរដូហ្កាន ដែលបានបង្ហាញនូវការសោកស្តាយចំពោះឧប្បត្តិហេតុព្រមទាំងបានធ្វើការសុំទោសទៀតផង។

លោក ពូទីន បានដកចេញភ្លាមៗនូវទណ្ឌកម្មចំពោះប្រទេសតួកគី និងបានបង្ហាញជាសញ្ញាថា ទីក្រុងមូស្គូនឹងបញ្ចប់ការដាក់ទណ្ឌកម្មអំពីការនាំចូលម្ហូបអាហារពីរុស្ស៊ី ព្រមទាំងក្រុមហ៊ុនសំណង់ជាច្រើន។

បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដាក៏ចាប់ផ្តើមមានការភ័យខ្លាចនិងព្រួយបារម្ភ នៅក្នុងប្រទេសលោកខាងលិចដែលថាសមៀចិកណាតូ ប្រទេសតួកគីមួយនេះអាចងាកទៅរកប្រទេសរុស្ស៊ីកាន់តែជិតស្និទ្ធ ដោយលោក អែរដូហ្កាន បាននិយាយចំៗថា លោកស្រងាកចិត្តជាខ្លាំងចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ប្រទេសតួកគីម្តងហើយម្តងទៀត បានសុំឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើបត្យាប័នបព្វជិត ហ្វេសធូលឡា ហ្គូឡេន ដែលមានមូលដ្ឋាននៅរដ្ឋភែនស៊ីលវឺនៀ ដែលទីក្រុងអង់ការ៉ាបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារ។ កាលពីថ្ងៃអង្គារ ប្រទេសតួកគីបាននិយាយថា ប្រទេសនេះនឹងផ្អាកជាបណ្តោះអាសន្នទំនាក់ទំនងទ្វេភាគីជាមួយអាម៉េរិក ដោយសារតែបញ្ហានោះ។

លោក ពូទីន គឺជាមេដឹកនាំបរទេសទីមួយ ដែលទូរសព្ទទៅលោក អែរដូហ្កានផ្តល់ការគាំទ្រក្រោយរដ្ឋប្រហារនិងបានរួមជាមួយលោក អែរដូហ្កាន អំពីវិធានការក្រោយរដ្ឋប្រហារ មិនដូចមេដឹកនាំសហភាពអឺរ៉ុបនិងអាម៉េរិក ដែលជាសម្ព័ន្ធមិត្តណាតូនោះទេ។

ទំនាក់ទំនងរវាងតួកគីនិងរុស្ស៊ី ដែលជាមហាអំណាចពីរកំពុងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់សមុទ្រខ្មៅនិងមជ្ឈិមបូព៌ាមានភាពស្មុគស្មាញតាំងពីយូរមកហើយ។ ប៉ុន្តែមុនពេលមានវិបត្តិបាញ់យន្តហោះ ទីក្រុងអង់ការ៉ានិងមូស្គូបានការពារកុំឱ្យជម្លោះនៅស៊ីរីនិងនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅ ក៏ដូចជាការការពារបំពង់បង្ហូរឧស្ម័ននៃគម្រោងការ TurkStream ទៅកាន់អឺរ៉ុប និងស្ថានីយថាមពលនុយក្លេអ៊ែរនៅតួកគីដែលស្ថាបនា ដោយរុស្ស៊ី។

ក្រោយវិបត្តិធ្លាក់យន្តហោះ គម្រោងទាំងនោះត្រូវកកស្ទះហើយពាណិជ្ជកម្មប្រទេសទាំងពីរបានធ្លាក់ចុះ៤៣ភាគរយ ពីខែមករាដល់ឧសភា ឆ្នាំ២០១៦នេះ ហើយឧស្សាហកម្មទេសចរណ៍តួកគី ចំនួនភ្ញៀវមកពីរុស្ស៊ីបានធ្លាក់ចុះ៩៣ភាគរយ។ ដោយសារទស្សនវិស័យរបស់តួកគីនៅអន់ថយ និងដោយសារប្រទេសរុស្ស៊ីកំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដោយសារតែតម្លៃប្រេងធ្លាក់ថ្លៃទាប និងការដាក់ទណ្ឌកម្មពីលោកខាងលិចក្នុងបញ្ហាអ៊ុយក្រែននោះលោក អែរដូហ្កាន និងលោក ពូទីន ចង់ឱ្យពាណិជ្ជកម្មប្រទេសទាំងពីរចាប់ផ្តើមឡើងវិញ។

លោក អែរដូហ្កាន បាននិយាយថា លោកចង់ឃើញគម្រោងការ TurkStream ចាប់ផ្តើមធ្វើឱ្យបានរហ័សតាមដែលអាចធ្វើបាន។ រីឯលោក ពូទីន បាននិយាយថា ក្រុមហ៊ុនស្ថាបនាអាចចាប់ផ្តើមនៅពេលខាងមុខដ៏ខ្លី ហើយថាការស្តារឱ្យមានឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មដូចពីមុន នឹងចាប់ផ្តើមជាបន្តបន្ទាប់។ មេដឹកនាំតួកគីក៏បានទទូចឱ្យភាគីទាំងពីរ កំណត់ទិសដៅជាថ្មីអំពីបំណងប្រាថ្នាលើសលប់ក្នុងទំនាក់ទំនងពាណិជ្ជកម្មទៅដល់ឆ្នាំ២០២៤ ឱ្យមានទំហំទឹកប្រាក់១០០ពាន់លានដុល្លារ។ ប៉ុន្តែរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី លោក អាឡេចស៊ីអ៊ុលយូកាយេវ បានប្រាប់អ្នកកាសែតថា អាចត្រូវការពេលវេលា២ឆ្នាំ ដើម្បីស្តាឡើងវិញឱ្យបានដល់កម្រិតពាណិជ្ជកម្មមុនវិបត្តិ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1011
សប្ដាហ៍នេះ : 8417
ខែនេះ : 35458
សរុប : 17441362