បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន




លោក ៖ ច័ន្ទតារា

ទោះបីថាគេមិនអាចប្រៀបធៀបទំនាក់ទំនងរវាងសម្តេចតេជោហ៊ុនសែននិង ថ្នាក់ដឹកនាំចិនជំនាន់នេះទៅនឹងមិត្តភាពដ៏ស្និទ្ធស្នាលរវាងសម្តេចព្រះនរោត្តម ស៊ីហនុ ជាមួយមេដឹកនាំចិនជំនាន់មុនក៏ដោយចុះក៏គេសង្កេតឃើញថា នៅក្នុងរជ្ជកាលសម្តេចតេជោសែនទំនាក់ទំនងរវាងកម្ពុជានិង ចិនកាន់តែមានលក្ខណៈវិសេសវិសាលហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែឈរលើមូលដ្ឋានលើភាពស្និទ្ធស្នាល មិត្តភាពនិងមនោសញ្ចេតនារវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំដូចសម័យមុនប៉ុណ្ណោះទេ តែវាជាទំនាក់ទំនងដែលផ្តោតទៅលើផលប្រយោជន៍រវាងប្រទេសនិងប្រទេស។

 

នៅក្នុងរជ្ជកាលសម្តេចតេជោ ហ៊ុន សែន ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិនសុទ្ធតែបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដែលគេចាំបានថាមានលោកប្រធានាធិបតីចាំងស៊េមីងJiang Zemin ធ្វើទស្សនកិច្ចនៅកម្ពុជាឆ្នាំ២០០០។ លោកប្រធានាធិបតី ហូ ជីនតាវ Hu Jintao មកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅឆ្នាំ២០១២ និង នៅឆ្នាំ២០១៦នេះគឺលោក ស៊ី ជីងភីង Xi Jinping ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការជាលើកទី២នៅកម្ពុជានៅក្នុងឋានៈជាប្រធានាធិបតីចិន។ សូមរម្លឹកថាលោក ស៊ី ជីងភីង Xi Jinping ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាម្តងហើយ ក្នុងឋានៈជាអនុប្រធានាធិបតីកាលពីឆ្នាំ២០០៩។

 

នៅក្នុងរជ្ជកាលសម្តេចតេជោសែនកម្ពុជាទទួលបានមិនតិចទេផលប្រយោជន៍ពីប្រទេសចិនគឺកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសព្រមទាំងជំនួយ។ ជំនួយរបស់រដ្ឋាភិបាលចិនដល់រដ្ឋាភិបាល កម្ពុជាបានចាប់ផ្តើមតាំងពីក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣។ ក៏ប៉ុន្តែជំនួយរបស់ប្រទេសចិនមកកម្ពុជាបានចាប់ផ្តើមកើនឡើងច្រើនក្រោយឆ្នាំ១៩៩៧ និងកើនឡើងខ្លាំងនៅពេលដែលបោះឆ្នោតអាណត្តិទី២ឆ្នាំ១៩៩៨ នៅពេលដែសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ឧទាហរណ៍ជាក់ស្តែងនៅឆ្នាំ១៩៩៤ ជាផ្លូវការជំនួយរបស់ចិនមានប្រមាណ៨,៦លានដុល្លារតែប៉ុណ្ណោះ។ ជាបន្តបន្ទាប់មកនៅឆ្នាំ ១៩៩៨ ជំនួយផ្លូវការរបស់ចិនមានការកើនឡើងដល់២០០លានដុល្លារនិងកើនដល់៤០០លានដុល្លារនៅឆ្នាំ២០០៤និង ឆ្នាំ២០០៥ បានកើនឡើងដល់ ៦០០លានដុល្លារ។

 

សូមរំលឹកថាទំនាក់ទំនងរវាងកម្ពុជា និងចិនបានផ្តើមឡើងនៅឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនត្រូវបានភ្ជាប់ជាផ្លូវការនៅថ្ងៃ១៩ កក្កដា ១៩៥៨។ នៅពេលនោះសម្តេចព្រះនរោត្តម សីហនុព្រះអង្គតែងតែជួយនិងគាំទ្រចិនឱ្យក្លាយជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ។ បន្តិចម្តងៗទំនាក់ទំនងរវាងកម្ពុជា និងចិនក្លាយជាទំនាក់ទំនងពិសេសរវាងសម្តេចព្រះនរោត្តម សីហនុនិងថ្នាក់ដឹកនាំចិន។ គឺនៅក្នុងន័យនេះហើយដែលក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ សម្តេចព្រះ នរោត្តម សីហនុទ្រង់សម្រេចចិត្តយាងទៅជ្រកកោននៅទីក្រុងប៉េកាំង។

 

ចាប់ពីឆ្នាំ១៩៩៣មក គេអាចនិយាយបានថាកម្ពុជានិងចិនបានឈានជើងចូលមកដល់សករាជថ្មីនៃទំនាក់ទំនងរវាងគ្នាឡើងវិញ។ ក៏ប៉ុន្តែនៅក្នុងអាណត្តិទី១ ភាពស្និទស្នាលរវាង

រដ្ឋាភិបាលចិន ជាមួយសម្តេចតេជោសែនហាក់នៅឆ្ងាយបន្តិច ព្រោះពេលនោះចិនហាក់មានភាពស្និទ្ធស្នាលទៅរកគណបក្សហ៊្វុនស៊ីនប៉ិចដែលដឹកនាំរាជរដ្ឋាភិបាល ដោយសារថាគណបក្សហ៊្វុនស៊ីនប៉ិចពេលនោះទទួលឥទ្ធិពលពីសម្តេច ព្រះនរោត្តម សីហនុ ។  ដោយមើលឃើញពីការធ្លាក់ចុះនៃគណបក្សហ៊្វុន-ស៊ីនប៉ិច ចិនបានងាកបន្តិចម្តងៗ មករករដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននៅក្នុងឆ្នាំ១៩៩៨។ ទំនាក់ទំនងនេះរីកធំធាត់ជាបន្តបន្ទាប់ក្រោយពេលសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិននាអំឡុងឆ្នាំ១៩៩៩។ ទស្សនកិច្ចជាបន្តបន្ទាប់និងជាញឹកញាប់ទៅកាន់ប្រទេសចិនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទស្សនកិច្ចនៅកម្ពុជារបស់ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីចិនជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០០០មកសុទ្ធសឹងជាឧទាហរណ៍ជាក់ស្តែងនៃទំនាក់ទំនងពិសេសរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងភ្នំពេញ។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោសែន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាថ្មីទៀតហើយប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ រហូតមកដល់ពេលបច្ចុប្បន្នប្រទេសទាំងពីរកម្ពុជា និងចិន ទទួលបាននូវសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនវិនិយោគបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ទៅ៤.៣២០លានដុល្លារអាម៉េរិក។ នៅឆមាសទី១ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិនមានដល់ទៅ២.៣៤០លានដុល្លារអាម៉េរិកកើនឡើង ១០,២ភាគរយ បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំមុន។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេចគោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៥.០០០លានដុល្លារក្នុងឆ្នាំ២០១៧។ គិតរហូតដល់ខែមិថុនាឆ្នាំ២០១៦ប្រាក់វិនិយោគទុនដោយផ្ទាល់របស់ប្រទេសចិននៅកម្ពុជាសរុបលើសពី ១២.០០០លានដុល្លារអាម៉េរិក។

 

វិស័យទេសចរណ៍ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០១៦ចំនួនភ្ញៀវទេសចរចិនដែលធ្វើទេសចរណ៍នៅកម្ពុជាមានដល់ទៅ ៤៤៤.៩០០ នាក់ដែលកើនឡើង ១២,៤ភាគរយបើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិននិងកម្ពុជាហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។ កំណើននៃអ្នកទេសចរចិននៅកម្ពុជានឹងអាចធ្វើឱ្យកើនឡើងនូវសណ្ឋាគារចិន ភោជនីយដ្ឋានចិន និងក្រុមហ៊ុនចិននានាក្នុងគោលដៅបម្រើតម្រូវការរបស់ជនជាតិចិនច្រើនឡើងៗដែលមកកម្សាន្តប្រទេសកម្ពុជា។

 

តាមរយៈការវិនិយោគរបស់ចិនបានជះឥទ្ធិពលខ្លាំងមកលើសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសកម្ពុជា។ កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាគឺពិតជាមិនអាចកាត់ចេញពីការវិនិយោគ និង ជំនួយរបស់ចិននោះទេ ។ ក្រុមហ៊ុនរដ្ឋនិងឯកជនរបស់ចិនក៏បានវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាងសង់ឬជួសជុលផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែទឹកជ្រៅព្រមទាំងទំនប់វារិអគ្គិសនី។ ជាមួយនេះក្រុមហ៊ុន ចិនក៏មានគម្រោងសាងសង់រោងចក្រផលិតដែកថែបនៅព្រះវិហារ,មានគម្រោងសាងសង់ផ្លូវដែកមួយថ្មី ពីព្រះវិហារទៅកោះកុង ដោយឆ្លងកាត់តាមកំពង់ធំ កំពង់ឆ្នាំងនិងកំពង់ស្ពឺ និងមានគម្រោងសាងសង់កំពង់ផែទឹកជ្រៅមួយទៀតនៅកោះកុង ព្រមទាំងព្រលានយន្តហោះថ្មីនៅខេត្តកោះកុងផងដែរ។ ដូច្នេះយើងត្រូវតែហ៊ានទទួលស្គាល់ដែរថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអម្បាលម៉ានរបស់ចិននៅកម្ពុជាមិនយូរមិនឆាប់ច្បាស់ជាជួយដល់កំណើនសេដ្ឋកិច្ច និងជួយពន្លឿនការអភិវឌ្ឍនៅកម្ពុជា ពីព្រោះផ្លូវថ្នល់ ស្ពាន កំពង់ផែ និងអគ្គិសនី សុទ្ធសឹងជាសរសៃឈាមនៃមីក្រូសេដ្ឋកិច្ចនិងម៉ាក្រូសេដ្ឋកិច្ច។

 

ម្យ៉ាងទៀត ជំនួយរបស់ចិនដល់កម្ពុជាជាជំនួយគ្មានលក្ខខណ្ឌនយោបាយម៉្លោះហើយទន្ទឹមនឹងការជួយអភិវឌ្ឍប្រទេសកម្ពុជាជំនួយរបស់ចិនក៏អាចជួយពង្រឹងនូវឯករាជ្យភាព និង អធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

 

ដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកប្រធានាធិបតី ស៊ី ជីនភីង នៅពេលនេះក៏រឹតតែបង្ហាញឲ្យឃើញពីការរីកធំធាត់នៃទំនាក់ទំនងកម្ពុជា-ចិននៅក្នុងរជ្ជកាលសម្តេចតេជោសែន និងបានបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា-ចិនក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងកម្ពុជានិងចិននាពេលបច្ចុប្បន្នមានលក្ខណៈវិសេសវិសាលជាងពេលណាៗទាំងអស់ដោយបានការពារផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងមានផលចំណេញដូចៗគ្នាសម្រាប់ប្រទេសទាំងពីរ៕

 

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 4507
ខែនេះ : 88943
សរុប : 17302872