ក្រសួងការបរទេសកម្ពុជាបង្ហាញរបាយការណ៏ជូយពលករ-ពលការិនី ដែលទៅធ្វើការនៅក្រៅប្រទេស




"ខ្មែរដេលី"
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញរបាយការណ៏ករណីក្រសួង ព្រមទាំងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស តែងតែយកចិត្តទុកដាក់ការពារផលប្រយោជន៍ជូនពលរដ្ឋខ្មែរនៅបរទេស។

តាមរបាយការណ៏ក្រសួងការបរទេស ដែលការិយាល័យយើងទទួលបានចំនួន៥ទំព័រ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ថា ករណីដែលក្រសួង ព្រមទាំងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេសបានយកចិត្តទុកដាក់ និងជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសរួមមាន ជួយសម្របសម្រួលក្នុងការបញ្ជូនពលករ-ពលការិនីទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស, ដោះស្រាយរាល់បញ្ហារបស់ពលករ-ពលការិនីនៅក្រៅប្រទេស ទាំងស្របច្បាប់និងមិនស្របច្បាប់, ចរចានិងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសតាំងនៅ ក្នុងការផ្តល់ប័ណ្ណការងារ និងទិដ្ឋាការ/ប័ណ្ណស្នាក់នៅ ជូនពលករ-ពលការិនីខ្មែរ, ជួយសង្រ្គោះស្ត្រីខ្មែរ ដែលរងគ្រោះចាញ់បោកមេខ្យល់ទៅរៀបការជាមួយជនបរទេស, អន្តរាគមន៍ចំពោះការរំលោភបំពានផ្សេងៗពីសំណាក់និយោជក ឬជនបរទេស មកលើពលករ-ពលការិនី ឬពលរដ្ឋខ្មែរ តាមរយៈការជួយសង្គ្រោះ ការផ្ដល់ការគាំទ្រផ្នែកច្បាប់ និងការទាមទារសំណង ឬប្រាក់បៀវត្សដែលនៅសេសសល់, ទាមទារប្រាក់ធានារ៉ាប់រងសម្រាប់ពលករ-ពលការិនី ដែលរងគ្រោះថ្នាក់ ឬបាត់បង់ជីវិត ក្នុងពេលបំពេញការងារ, ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗ ជូនពលរដ្ឋកម្ពុជានៅក្រៅប្រទេសដោយឥតគិតថ្លៃ, ជួយឧបត្ថម្ភថវិកា និងតាមដានសុខទុក្ខរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលជួបការលំបាកក្នុងជីវភាពឬមានគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ពលរដ្ឋខ្មែរណាដែលត្រូវបានអាជ្ញាធរនៃប្រទេសតាំងនៅចោទប្រកាន់ពីការប្រព្រឹត្តបទល្មើស ឬត្រូវបានចាប់ខ្លួន និងឃុំឃាំង, ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញារធរពាក់ព័ន្ធនៃប្រទេសតាំងនៅ អង្គការជាតិ និងអង្គការអន្តរជាតិនានា ដើម្បីជួយដោះស្រាយនូវរាល់បញ្ហារបស់ពលរដ្ឋ និងពលករខ្មែរ, ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំមាតុភូមិនិវត្តន៍ជូនពលរដ្ឋ និងពលករ-ពលការិនីខ្មែរ ដែលជួបការលំបាកក្នុងការរស់នៅឬក្នុងការងារ និងស្រ្តីរងគ្រោះដោយការបោកបញ្ឆោត ឬការជួញដូរផ្សេងៗជាដើម។

ជាក់ស្តែងក្នុងឆ្នាំ២០១៦ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរ សម្រេចបានលទ្ធផលសំខាន់ៗ រួមមាន ១- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំគ្រប់ស្ថានតំណាងក្រៅប្រទេស យកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយនូវរាល់ បញ្ហាដែលកើតមានឡើងចំពោះពលរដ្ឋ/ពលករ-ពលការិនី/ស្រ្តីខ្មែរ ទាំងក្នុងករណីស្របច្បាប់ និងមិនស្របច្បាប់, ផ្តល់ការណែនាំក្នុងករណីជាក់លាក់នីមួយៗ, ជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ១៣ ខែធ្នូ ២០១៦ បានចំនួន ៩៧.១០២ នាក់។ (ឆ្នាំ ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ បានចំនួន៦៨.១៧៤ នាក់), ចរចាទាមទារភាគីថៃ បញ្ឈប់ការប្រើប្រាស់អាវុធមកលើពលរដ្ឋខ្មែរដែលបានឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃ, ចរចាទាមទារភាគីថៃ បញ្ឈប់ការចាប់ខ្លួនពលករកម្ពុជា ដែលកាន់ប័ណ្ណស្នាក់បណ្តោះអាសន្ន (ប័ណ្ណពណ៌ស៊ីជម្ពូ) ផ្តល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ, ជួយសម្រួលក្នុងការបញ្ជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ មានចំនួនសរុប ៥០.២៨១ នាក់ (ចាប់ពីឆ្នាំ ២០០៧ ដល់ថ្ងៃទី ២ ធ្នូ ២០១៦), ទទួលពាក្យបណ្តឹងនានាពីប្រជាពលរដ្ឋ អង្គការ និងអាជ្ញាធរក្នុងប្រទេស ដែលស្នើអោយជួយធ្វើអន្តរាគមន៍ និងជួយសង្រ្គោះពលរដ្ឋខ្មែរ ដែលជួបបញ្ហានៅក្រៅប្រទេស, ជូនព័ត៌មានទៅក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា អំពីករណីពលរដ្ឋ/ពលករខ្មែរនៅក្រៅប្រទេស ជួបការលំបាក និងរងគ្រោះដោយសារបញ្ហាផ្សេងៗ ហើយនិងមាតុភូមិនិវត្តន៍របស់ពួកគេ។

២- ព្រះរាជាណាចក្រថៃ៖ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានអន្តរាគមន៍ តម្លើងប្រាក់ឈ្នួលជូនពលករស្របច្បាប់ ចំនួន ២៦០ នាក់, អន្តរាគមន៍ និងដោះស្រាយ នៅពេលមានការរំលោភបំពានផ្សេងៗ ពីសំណាក់និយោជកមកលើពលករខ្មែរ ផ្តល់ការគាំទ្រផ្នែកច្បាប់ (ផ្តល់មេធាវីពេលឡើងតុលាការ) និងទាមទារសំណងផ្សេងៗ, សម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១៣៩នាក់ ក្នុងនោះ១១០នាក់ រស់នៅនិងធ្វើការខុសច្បាប់ ២នាក់ប្រព្រឹត្តបទល្មើសក្លែងត្រា ២២នាក់កាប់ឈើខុសច្បាប់ និង ៥ នាក់រងការបំពានពីនិយោជក, ផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗទៀត ជូនពលករ និងពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ, ទាមទារប្រាក់សំណង ជូនពលករ-ពលការិនី ដែលរងរបួសឬបាត់បាត់ជីវិត ដោយសារ គ្រោះថ្នាក់ការងារ, ជួយសម្របសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ/ពលករខ្មែរដែលឆ្លងដែននិងធ្វើការខុសច្បាប់ មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួនជាមធ្យមប្រមាណ ១០០០នាក់ក្នុងមួយសប្តាហ៍។

៣- ប្រទេសវៀតណាម៖ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជា ដែលរស់នៅនិងធ្វើការខុសច្បាប់នៅ ក្នុងប្រទេសវៀតណាម ហើយនិងរងគ្រោះដោយការជួញដូរមនុស្សឆ្លងកាត់តាមប្រទេសវៀតណាម ចំនួន ២៣១ នាក់ ក្នុងឆ្នាំ២០១៦ ។

៤- ប្រទេសឡាវ៖ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសឡាវ បានសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ ដែលរស់នៅខុសច្បាប់ក្នុងប្រទេសឡាវ ចំនួន២នាក់ ក្នុងឆ្នាំ២០១៦។

៥- ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋ និងពលករ-ពលការិនីកម្ពុជា ដែលជួបការលំបាកក្នុងការងារ និងរងគ្រោះដោយការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ក្នុងនោះ ឆ្នាំ ២០១៦ ចំនួន ២៧២ នាក់, ឆ្នាំ ២០១៥ ចំនួន ៥៨ នាក់, ឆ្នាំ ២០១៤ ចំនួន ៣៤ នាក់។

៦-ប្រទេសឥណ្ឌូណេស៊ី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ ដែលភាគច្រើនគឺពលករខ្មែររងគ្រោះដោយការជួញដូរកម្លាំងពលកម្ម ទៅធ្វើជាកម្មករលើទូកនេសាទបរទេស ក្នុងនោះ ឆ្នាំ ២០១៦ ចំនួន ៧៨ នាក់, ឆ្នាំ ២០១៥ ចំនួន ៤២៨ នាក់, ឆ្នាំ ២០១៤ ចំនួន ២៣ នាក់។

៧- ប្រទេសសិង្ហបុរី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី បានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ របស់ស្រ្តីខ្មែរ ចំនួន៦ នាក់ (៣នាក់ធ្វើការនៅតាមហាង និង៣នាក់ទៀត បម្រើការងារតាមផ្ទះ)។

៨- ប្រទេសហ្វីលីពីន៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសហ្វីលីពីន បានសហការជាមួយអាជ្ញាធរហ្វីលីពីន ជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកេនយ៉ាមកហ្វីលីពីន រួចបន្តមកកម្ពុជា ជូនដល់ពលករ ខ្មែរចំនួន៤នាក់ ដែលត្រូវបានចោរសមុទ្រប្រទេសសូម៉ាលីចាប់ជំរិតនិងដោះលែងមកវិញ ក្នុងខែតុលា ឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៥ ស្ថានទូតបានសម្រួលមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរចំនួន៤នាក់។

៩- ប្រទេសចិន៖ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនស្រ្តីខ្មែរ ដែលរងគ្រោះដោយការបោកបញ្ឆោតយកទៅរៀបការ ឬធ្វើការខុសច្បាប់ និងពលរដ្ឋកម្ពុជាដែលរស់នៅខុសច្បាប់ ក្នុងនោះ ឆ្នាំ២០១៦ ចំនួន៦៤ នាក់, ឆ្នាំ២០១៥ ចំនួន១១៧ នាក់, ឆ្នាំ២០១៤ ចំនួន៥៩ នាក់។

១០- ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋខ្មែរ ចំនួន១៦ នាក់ ក្នុងឆ្នាំ២០១៦ ក្នុងនោះ៩នាក់ជាកម្មសិក្សាការី និង៧នាក់ជាជនរងគ្រោះដោយការជួញដូរផ្លូវភេទ។

១១- ប្រទេសអូស្ត្រាលី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ចំនួន១នាក់ ក្នុងឆ្នាំ២០១៦ និងពីប្រទេស ប៉ាពូញូហ្គីណេ ចំនួន៦នាក់ ក្នុងឆ្នាំ២០១៥។

១២- ប្រទេសអារ៉ាប៊ីសាអូឌីត៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋកូវ៉ែត បានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ក្នុងនោះ ឆ្នាំ ២០១៦ ចំនួន ១ នាក់៖ ឆ្នាំ ២០១៥ ចំនួន ២ នាក់, ឆ្នាំ២០១៤ ចំនួន ៧ នាក់។

១៣- ប្រទេសរុស្ស៊ី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសរុស្ស៊ី បានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋខ្មែរដែលធ្វើការខុសច្បាប់ ចំនួន២ នាក់ ក្នុងឆ្នាំ ២០១៦។

១៤- សាធារណរដ្ឋកូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានផ្តល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗទៀត ជូនពលករ និងពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ, ទាមទារប្រាក់ធានារ៉ាប់រង ជូនពលករ-ពលការិនី ដែលរងរបួស ឬបាត់បាត់ជីវិត ដោយសារ គ្រោះថ្នាក់ការងារ, ដោះស្រាយការរំលោភបំពានផ្សេងៗពីសំណាក់និយោជក មកលើពលករខ្មែរជាដើម៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនក្រឡាបញ្ជីម្នាក់នៅសាលាដំបូងខេត្តបន្ទាយមានជ័យទៀតហើយសង្ស័យពាក់ព័ន្ធអំពើពុករលួយ

លោក XU BU ៖ ចិនតែងតែចាត់ទុកកម្ពុជា ជាមិត្តជិតស្និទ្ធ និងជាដៃគូដែលទុកចិត្ត ដើម្បីដោះស្រាយនូវបញ្ហាតំបន់ និងអន្តរជាតិនានា

ប្រមុខគណបក្សប្រជាជនកម្ពុជា៖សមិទ្ធផលទាំងឡាយដែលបានកើតនៅលើទឹកដីកម្ពុជាជាការខិតខំរបស់គណបក្សប្រជាជន

រាជរដ្ឋាភិបាលមិនឲ្យនាំចេញទឹកដោះម្តាយពីកម្ពុជា

កម្ពុជាប្រឈមនឹងការខ្វះឈាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 134
សប្ដាហ៍នេះ : 19018
ខែនេះ : 208911
សរុប : 16470918